សំបុត្រ​មួយ​ច្បាប់​ពី​ប្រពន្ធលក់ប្រហិត ផ្ញើ​រជូន​លោក​ប្ដី​រៀនចប់បរិញ្ញាប័ត្រដែលអត់ការងារធ្វើ អាន​ហើយ​ក្អួត​ឈាមជាដុំៗម៉ង

ក្រោយ​បិទ​ភ្លើង​រៀប​ចូល​គេង ប្រពន្ធ​បាន​ពិភាក្សា​ជាមួយ​ប្ដី​ថា៖ "រោង​ចក្រ​ក្នុង​ភូមិ​យើង​កំពុង​ប្រកាស​ជ្រើសរើស​បុគ្គលិក ស្អែក​នេះ​ឯង​ទៅ​សាក​ដាក់​ពាក្យ​ល​មើល៍"។

ឈៀង​គឺ​ជា​និស្សិត​មហាវិទ្យាល័យ​តែ​ម្នាក់​គត់​នៅ​ក្នុង​ភូមិ ក្រោយ​រៀន​ចប់​ក៏​រក​ការងារ​ដែល​ស័ក្ដិសម​ធ្វើ​មិន​បាន​សោះ គេ​បាន​នៅ​ផ្ទះ​ទាត់​ខ្យល់​​មួយ​រយៈហើយ ដោយ​ថ្លៃ​ចាយវាយ​ទាំង​អស់​គឺ​ធ្លាក់​មក​ជា​ភារៈ​របស់​ប្រពន្ធ​ដែល​ជា​អ្នក​លក់​ប្រហិត​ក្នុង​តូប​តូច​មួយ​នៅ​ឯ​ផ្សារ។


“ខ្ញុំ​រៀន​ចប់​មហាវិទ្យាល័យ​ទាំង​មូល ឲ្យ​ទៅ​ធ្វើ​កម្មករ​រោងចក្រ? មនុស្ស​ស្រី​ដូច​ឯង​មិន​យល់​ទេ លំដាប់​ខ្ញុំ​ត្រូវ​ធ្វើ​ការ​នៅ​ក្រុមហ៊ុន​ធំ​ៗ"។ ឈៀង មិន​ពេញ​ចិត្ត ក៏​បែរ​ខ្នង​ដាក់​ប្រពន្ធ​ហើយ​ដេក​ទៅ។

“ឈៀង ខ្ញុំ​ទៅ​លក់​ឥវ៉ាន់​ត្រលប់​មក​វិញ​យប់​ព្រលប់ ឯង​នៅ​ផ្ទះ​ជួយ​ធ្វើ​បាយ​ល្ងាច​ផង​បាន​អត់?” ម៉ាលី​និយាយ​ទៅ​កាន់​ប្ដី​ដែល​កំពុង​លេង​ហ្គេម​កុំព្យូទ័រ ខណៈ​ដែល​នាង​កំពុង​រៀប​ចំ​អាហារ​ពេល​ល្ងាច ក្រោយ​មក​ពី​លក់​ឥវ៉ាន់​ហត់​នឿយ​ពេញ​មួយ​ថ្ងៃ។


“ខ្ញុំ​ជា​ប្រុស​ដែល​ត្រូវ​ធ្វើ​តែ​រឿង​ធំ​ដុំ​ រឿង​ធ្វើ​ម្ហូប​លក់​ដូរ​គឺ​ជា​រឿង​របស់​មនុស្ស​ស្រី​ដូច​ឯង កុំ​មក​លើក​ឲ្យ​ខ្ញុំ"។ ឈៀង​និយាយ​ដោយ​មិន​សូម្បី​តែ​បែរ​ខ្នង​មក​មើលប្រពន្ធ និង​នៅ​តែ​លេង​ហ្គេម​បន្ត។

តែ​ម៉ាលី​ក៏នៅ​តែ​បន្ត៖ "អីចឹង​ពេល​ថ្ងៃ​ត្រង់​ ឯង​មក​ជួយ​ខ្ញុំ​លក់​ដូរ​ទៅ ឥលូវ​នេះ​អ្នក​ទិញ​ច្រើន​ណាស់ ខ្ញុំ​លក់​ម្នាក់​ឯង​មិន​ទាន់​ទេ យើង​ពីរ​នាក់​ប្ដី​ប្រពន្ធ​ជួយ​លក់​គ្នា វា​នឹង​ឆាប់​រីក​ចម្រើន"។ ជា​ការ​ពិត នាង​ចង់​ឲ្យ​ឈៀង​មក​ជួយ ជា​ពិសេស​នៅ​ពេល​ដែល​គេ​រក​ការងារ​មិន​ទាន់​បាន ដូច្នេះ​បើ​ពីរ​នាក់​​ប្ដី​ប្រពន្ធ​មក​ជួយ​លក់​ដូរ​ធ្វើ​ឲ្យ​ហាង​តូច​ៗ​អាច​ក្លាយ​ជា​ហាង​ធំ​បាន ក៏​​ជា​រឿង​​ល្អ។


ប៉ុន្តែ​ពាក្យ​សម្ដី​របស់​នាង​មិន​អាច​ធ្វើ​ឲ្យ​ប្ដី​ងាក​មក​ចាប់​អារម្មណ៍​ឡើយ គេ​ស្ដាប់​ត្រចៀក​ស្ដាំ ចេញ​វិញ​តាម​ត្រចៀក​ឆ្វេង៖ "ហ៊ើយ! តូប​ឯង​គ្រាន់​តែ​ជា​តូប​តូច​តាច ខ្ញុំ​ជា​និស្សិត​រៀន​ដល់​មហាវិទ្យាល័យ​ មក​លក់​អី​តូប​តូច​កំប៉ិកកំប៉ុក​អីចឹង​នោះ"។

ម៉ាលី​សំឡឹង​មើល​ពី​ក្រោយ​ខ្នង​ប្ដី​ដែល​វក់​តែ​នឹង​លេង​ហ្គេម នាង​ហា​មាត់​បម្រុង​នឹង​និយាយ​ត តែ​ក៏​ឈប់​ទៅ​វិញ... រយៈ​ពេល​កន្លង​មក ឈៀង​នៅ​តែ​ផ្ទះ រង់​ចាំ​ឱកាស​មាស​ឱកាស​ប្រាក់​របស់​គេ ហើយ​ម៉ាលី​ក៏​មិន​ដែល​នឹង​និយាយ​រឿង​នេះ​ជាមួយ​គេ​ទៀត​ឡើយ នាង​ចេញ​ទៅ​លក់​ដូរ​នៅ​តូប​របស់​នាង​ពី​ពេល​ថ្ងៃ ដល់​ពេល​យប់​ត្រលប់​មក​វិញ​ក៏​ត្រូវ​ធ្វើ​ការងារ​ផ្ទះ ដែល​ ឈៀង​មិន​ដែល​ជួយ​ នាង​នឿយ​ហត់​រហូត​ដាក់​ក្បាល​ដល់​ខ្នើយ​ក៏​ដេក​លក់​ភ្លាម​ៗ ចំណែក​ប្ដី​បើ​មិន​បាន​លេង​កុំព្យូទ័រ​ក៏​ចេញ​ទៅ​ក្រៅ​ផឹក​ស្រា​ជាមួយ​មិត្តភ័ក្ដិ។


រហូត​ដល់​ថ្ងៃ​មួយ​ឈៀង​បាន​ឮ​ថា ប្រហិត​ត្រី​របស់​ម៉ាលី​បាន​ទាក់​ចិត្ត​អ្នក​ជំនួញ​ធំ​ដុំ​ម្នាក់ ហើយ​ម៉ាលី​កំពុង​ក្លាយ​ជា​ម៉ូយ​បោះដុំ​ម្នាក់​សម្រាប់​ក្រុមហ៊ុន​​នោះ គេ​ក៏​ប្រញាប់​ទៅ​ផ្ទះ​ទៅ​ពិភាក្សា​ជាមួយ​នាង​ភ្លាម។

“អាលី មាន​អ្នក​មក​ប្រាប់​បង​ថា​មាន​អ្នក​រក​ស៊ី​ធំ​មក​ចាប់​អារម្មណ៍​ប្រហិត​ត្រី​អូន​ឯង​ ហើយ​អូន​ឯង​កំពុង​លក់​ឲ្យ​គេ​រាល់​ថ្ងៃ​ដែរ"

“អ៊ឺម ហើយ​យ៉ាង​ម៉េច?” នាង​ឆ្លើយ​ទាំង​បែរ​ខ្នង ដោយ​កំពុង​រៀប​ចំ​អាហារ​ពេល​ល្ងាច

“នោះ​គឺ​ក្រុមហ៊ុន​ធំ ដូច្នេះ​អូន​ជួយ​ណែនាំ​ឲ្យ​បង​ចូល​ធ្វើ​តិច​ទៅ វា​ជា​ឱកាស​ល្អ​សម្រាប់​បង​ហើយ" ​ឈៀង​កាន់​តែ​និយាយ​កាន់​តែ​សប្បាយ​ចិត្ត គេ​គិត​ថា​ឱកាស​របស់​គេ​មក​ដល់​ហើយ។


“ឯង​មាន​ជំនាញ​ខាង​ផ្នែក​ផលិត​ឬ​អត់​ចុះ?”

“អត់​ទេ"

“ឯង​មាន​បណ្ដាញ​ច្រើន​អត់?”

“គ្មាន​ទេ"

“ឯង​មាន​បទពិសោធន៍​ផ្នែក​គ្រប់គ្រង​អត់?”

“អត់​ទេ"

ម៉ាលី​ក៏​បែរ​ខ្នង​មក "អីចឹង​ក្រុមហ៊ុន​គេ​យក​ឯង​ទៅ​ធ្វើ​ស្អី?”

“ខ្ញុំ​រៀប​ចប់​មហាវិទ្យាល័យ ខ្ញុំ​ធ្លាប់​រៀន​នៅ​មហា​វិទ្យាល័យ"

មិន​យូរ​ប៉ុន្មាន​ក្រោយ​ពី​នោះ ឈៀង​ក៏​ទទួល​បាន​លិខិត​សុំ​លែងលះ​ពី​ភរិយា។ ខាង​ក្នុង​មាន​ក្រដាស​តូច​មួយ​សន្លឹក​ដែល​មាន​ពាក្យ​សម្ដី​របស់​ម៉ាលី៖


“ឯង​ចេះ​ធ្វើ​ម្ហូប​អត់? អត់​ចេះ

ឯង​ធ្លាប់​ធ្វើ​ការងារ​ផ្ទះ​អត់? អត់​ធ្លាប់

ឯង​ធ្លាប់​យល់​ថា​ប្រពន្ធ​ដូច​ខ្ញុំ​លំបាក​ប៉ុណ្ណា​អត់? អត់

ឯង​ធ្លាប់​ទទួល​ខុស​ត្រូវ​អី​ក្នុង​គ្រួសារ​អត់? អត់

ខ្ញុំ​ជា​មនុស្ស​ស្រី ជា​ប្រពន្ធ​របស់​ឯង ពេលដែល​ខ្ញុំ​ធ្វើ​ការ​ហត់​នឿយ​ក៏​ចង់​ឲ្យ​ឯង​មក​ជួយ​សម្រាល តែ​ឯង​បែរ​ជា​រវល់​តែ​លេង​ហ្គេម បែរ​ជា​ទៅ​ផឹក​ជាមួយ​មិត្តភ័ក្ដិ។

ខ្ញុំ​ធ្វើ​ការ​ផ្ទះ​ហត់​សែន​ហត់ តែ​ឯង​បែរ​ជា​និយាយ​ថា​នេះ​ជា​តួនាទី​របស់​ខ្ញុំ​តែ​ម្នាក់​ឯង។

ឈៀង ការងារ​ល្អ​ៗ​រង់​ចាំ​យូរ​ៗ​ក៏​គ្មាន ចិត្ត​ខ្ញុំ​ក៏​ដូច​គ្នា

បើ​ធ្វើ​ការ​រក​លុយ​ចិញ្ចឹម​គ្រួសារ​ជា​នាទី​ខ្ញុំ ធ្វើ​ការ​ងារ​ផ្ទះ​ជា​នាទី​ខ្ញុំ គ្រួសារ​នេះ​មិន​បាច់​មាន​ឯង​ទេ ឯង​មិន​ស័ក្ដិសម​នឹង​តំណែង "ស្វាមី" ត​ទៀត​ឡើយ”។


ក្នុង​ជីវិត​របស់​មនុស្ស​យើង៖
រឿង​តូច​ៗ​គ្រប់​រឿង​ក្នុង​ថ្ងៃ​នេះ​នឹង​អាច​ក្លាយ​ជា​រឿង​ធំ​របស់​អ្នក​ក្នុង​ថ្ងៃ​អនាគត ដូច្នេះ​ហើយ​មិន​ថា​រឿង​ការងារ​ឬ​រឿង​គ្រួសារ​

អ្នក​ត្រូវចេះ៖
- “ប្រកែក" តិច "ធ្វើ" ច្រើន
- “រអ៊ូ" តិច "ព្យាយាម" ច្រើន
- “សប្បាយ" តិច "លំបាក" ច្រើន

ត្រូវ​ចាំ​ទុក៖
- អ្នក​លក់​ដែល​មិន​ឧស្សាហ៍ នឹង​ត្រូវ​គេ​ដណ្ដើម​អតិថិជន
- បុគ្គលិក​ដែល​មិន​ឧស្សាហ៍ នឹង​ត្រូវ​បុគ្គលិក​ថ្មី​ដណ្ដើម​តំណែង
- ថៅកែ​ដែល​មិន​ឧស្សាហ៍ នឹង​ត្រូវ​គូរ​ប្រជែង​នាំ​មុខហើយ


មិន​ថា​ជា​មនុស្ស​ស្រី​ឬ​មនុស្ស​ប្រុស ចង់​ឲ្យ​ចាំ​ទុក​ថា បើ​អ្នក​មិន​ធ្វើ​នឹង​មាន​គេ​ធ្វើ​ជំនួស​អ្នក អ្នក​មិន​ព្យាយាម​នឹង​មាន​អ្នក​កំពុង​ព្យាយាម អ្នក​មិន​ខ្នះខ្នែង​ នឹង​មាន​អ្នក​មក​ឆ្កឹះ​អ្នក​ចេញ ហើយ​គេ​នឹង​ក្ដាប់​តំណែង​របស់​អ្នក។ រៀន​ធ្វើ​ការងារ​ដែល​នៅ​ចំពោះ​មុខ អ្នក​គ្រាន់​តែ​ទទួល​ខុស​ត្រូវ​ក្នុង​ការ​ព្យាយាម ជោគវាសនា​នឹង​ជា​អ្នក​សម្រេច​សម្រាប់​អ្វី​ដែល​នៅ​សល់ ៕

ប្រភព៖ Liekr

No comments