ថោកទាបណាស់!!! រំលោភ និងសម្លាប់ក្មេងស្រីវ័យ៩នាក់ឆ្នាំម្នាក់ ហើយវាយខ្ទេច...
ភ្នំពេញ ៖ បុរសល្មោភកាមម្នាក់ ប៉ងរំលោភ និងសម្លាប់ក្មេងស្រីវ័យ៩នាក់ឆ្នាំម្នាក់ តែមិនបានសម្រេច ក៏ត្រូវជាប់ខ្នោះកម្លាំងនគរបាលខណ្ឌមានជ័យ និងនគរបាលរាជធានីភ្នំពេញ ដែលធ្វើសកម្មភាពរំលោភក្មេងស្រីអាយុ៩ឆ្នាំ រួចសម្លាប់បំបិទមាត់តែមិនស្លាប់ បណ្តាលឲ្យរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យគន្ធបុប្ផា ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៧និង៣០នាទី ថ្ងៃទី៣១ តុលា ២០១៧ ស្ថិតនៅចំំណុចដីឡូត៍ទំនេរ ផ្លូវលំភូមិព្រែកទាល់១ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ ។
ជនសង្ស័យចិត្តខ្មៅរូបនេះឈ្មោះ ញ៉ នាង ភេទប្រុស អាយុ២២ឆ្នាំ មុខរបរព្រូឡាន ស្នាក់នៅឃ្លាំងឡានដឹកទំនិញ ផ្លូវលំ ភូមិ ព្រែកទាល់១ សង្កាត់ ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ ។ ចំណែកក្មេងស្រីរងគ្រោះមានអាយុ៩ឆ្នាំ ជាសិស្ស ស្នាក់នៅផ្ទះជួល ភូមិព្រែកទាល់១ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ ។
លោក ហួរ ម៉េងវ៉ាង អធិការរងទទួលផ្នែកយុត្តិធម៌ នគរបាលខណ្ឌមានជ័យ បានប្រាប់ឲ្យដឹងថា មុននឹងឈានដល់ការឃាត់ខ្លួនបានជនសង្ស័យខាងលើនេះ កាលពីវេលាម៉ោង៧និង៣០នាទី ជនសង្ស័យរូបនេះបានធ្វើសកម្មភាពចាប់ក្មេងស្រីអាយុ៩ឆ្នាំ ខាងលើ រួចសម្លាប់បំបិទដោយវាយខ្ទេចមុខ ប៉ុន្តែសំណាងល្អក្មេងស្រីរងគ្រោះមិនស្លាប់ ហើយត្រូវបានគេបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យគន្ធបុប្ផា ដើម្បីសង្គ្រោះជីវិត ។
លោកអធិការរងទទួលផ្នែកយុត្តិធម៌នគរបាលខណ្ឌមានជ័យបានបន្ដថា វេលាម៉ោង៩យប់ ថ្ងៃដដែល កម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌមានជ័យ សហការជាមួយនឹងកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ស្រាវជ្រាវចាប់ខ្លួនបានជនសង្ស័យ បានភ្លាមៗតែម្ដង រួចបញ្ជូនមកកាន់អធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីសាកសួរបន្ត ។
សមត្ថកិច្ចបានរកឃើញវត្ថុតាងដែលបន្សល់នៅកន្លែងកើតហេតុរួមមាន ស្បែកជើងផ្ទាត់ជ័រ ពណ៌ខ្មៅ ចំនួន១គូ , ស្បែកជើងស៊ក (របស់ក្មេង) ឆ្នូតពណ៌សលាយខ្មៅ ចំនួនមួយចំហៀង, ខោជើងខ្លីចំនួន២, ដុំឥដ្ឋប្រឡាក់ឈាមចំនួន២ដុំ, សំបកបាវស៊ីម៉ងតិ៍ប្រឡាក់ឈាមចំនួន១ និងសម្ភារៈមួយចំនួនទៀត ។
បច្ចុប្បន្នជនសង្ស័យ រួមនិងវត្ថុតាង កំពុងឃាត់ខ្លួនបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់តុលាការ ចាត់ការនិងផ្តន្ទាទោសតាមច្បាប់ ៕








Post a Comment