ស្រែកថ្ងូរ២ឆ្នាំទ្រាំទាំងឈឺណាស់ ពេលនេះទ្រាំលែងបានស្រែករកម៉ែជួយ

-លោកយាយ លួន ខន អាយុ៦០ឆ្នាំ រស់នៅភូមិរើសពើង ឃុំស្គុះ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បានរៀបរាប់ឱ្យដឹងថា គាត់មានប្តីឈ្មោះ យឹម ផន អាយុ៧៨ឆ្នាំ រួមរស់ជាមួយគ្នាបង្កើតបានកូនចំនួន៧នាក់ (ស្រី២ ប្រុស៥) ដោយចាប់របរធ្វើស្រែចម្ការចិញ្ចឹមជីវិត ក្នង្នុនោះមានកូនស្រីទី៥ ម្នាក់ឈ្មោះ យឹម សុខឃីន អាយុ២២ឆ្នាំ មានប្តីឥតខាន់ស្លាមានឈ្មោះ ថា អាយុ៣០ឆ្នាំ មានស្រុកកំណើតនៅខេត្តស្វាយរៀង និងជាមនុស្សញៀនថ្នាំ។ ចំណងស្នេហ៍របស់ពួកគេផ្តើមឡើងតាមរយៈប្រព័ន្ធទូរស័ព្ទយ៉ាងផ្អែមល្ហែមនៅគ្រាដែលកូនស្រីគាត់ចេញទៅធ្វើការរោងចក្រកាត់ដេរ។  លុះស្គាល់ចិត្តិថ្លើមគ្នាជ្រៅរាក់ត្រជាក់ក្តៅ ពួកគេណាត់ជួបគ្នាប្តូរសាច់ប្តូរឈាមហួសគន្លងប្រពៃណីនៅទីរួមខេត្តកំពង់ស្ពឺ។ បន្ទាប់មក ពួកគេនាំគ្នាទៅសាងក្បូនស្នេហ៍នៅទីក្រុងភ្នំពេញដោយជួលបន្ទប់ស្នាក់នៅតែមួយរួមគ្នាក្នុងនាមជាប្តីប្រពន្ធឥតខាន់ស្លា មិនក្រែងចិត្តឪពុកម្តាយ ឬមិនខ្លាចក្រុមគ្រួសារអាប់ឱនកិត្តិយសឡើយ។


ស្ត្រីជាម្តាយបន្តថា ក្នុងពេលកូនស្រីប្រឡូកលេងល្បែងស្នេហ៍ទុំមុនស្រគាលជាមួយប្រុសឈ្មោល នាងពូកែលាក់បាំងណាស់ មិនឱ្យក្រុមគ្រួសារដឹង ឡើយ។ លុះរយៈពេល២ឆ្នាំក្រោយមក បន្ទាប់ពីនាងថ្លោះធ្លោយពោះធំ មើលទៅមិនដឹងលាក់បាំងតទៅទៀតបាន  ទើបកូនស្រីនាំប្តីឥតខាន់ស្លារូបនេះមកផ្ទះឱ្យឪពុកម្តាយស្គាល់មុខ ធ្វើឱ្យក្រុមគ្រួសារអស់សង្ឃឹមនិងអាប់ឱនកិត្តិយសដោយសារកូនស្រីរូបនេះជាខ្លាំង។  ប៉ុន្តែមិនដឹងជាធ្វើយ៉ាងណា បើជ្រុលជ្រួសអង្ករក្លាយជាបាយទៅហើយ។
ស្ត្រីជាម្តាយរូបនេះបន្តថា គ្រាន់តែឃើញកូនប្រសាឥតខាន់ស្លារូបនោះនៅថ្ងៃដំបូងភ្លាម ប្តីប្រពន្ធពួកគាត់មើលដឹងថាគេជាក្មេងមិនល្អបាត់ទៅហើយ។  ប៉ុន្តែ មិនដឹងជាត្រូវធ្វើយ៉ាងណា បើកូនស្រីស្រឡាញ់គេងប់ងុលយ៉ាងនេះ។ ទីបំផុត អ្វីដែលពួកគាត់មើលឃើញ ពិតជាត្រឹមត្រូវគ្មានខុសឡើយ ពោលគឺ ក្រោយពីរួមរស់ជាមួយួគ្នានៅផ្ទះគាត់មួយរយៈខ្លី កូនប្រសារូបនេះមិនចេញទៅធ្វើការរកប្រាក់ចិញ្ចឹមជីវិតទេ  មួយថ្ងៃៗគិតតែពីព័ទ្ធវង់ផឹកស្រាស្រវឹងធ្លាក់ភ្នែក យប់ឡើងមិនទាន់ ចាប់អូសដៃប្រពន្ធចូលបន្ទប់ឱ្យបម្រើចំណីកាមគុណរបស់គេ  ជាពិសេស ឱ្យតែខឹងម្តងៗចាប់បោចសក់វាយប្រពន្ធគ្មានប្រណីដៃ។ ប៉ុន្តែ កូនស្រីមិនទម្លាយការពិតឱ្យគាត់ដឹងឡើយ ព្រោះតែនាងដឹង ខ្លួនខុស ហ៊ានយកប្តីចិត្តឯង។ លុះប្តីប្រពន្ធពួកគាត់ងឿងឆ្ងល់ លួចតាមដានទើបដឹងថា កូនប្រសាឥតខាន់ស្លារូបនេះជាមនុស្សញៀនថ្នាំ។ ពួកគាត់ឃើញ ផ្ទាល់ភ្នែកខណៈដែលគេកំពុងសំងំជក់ថ្នាំនៅក្នុងបន្ទប់។ កន្លងមក គាត់សង្កេតឃើញ១ថ្ងៃគេទារលុយពីប្រពន្ធចំនួន ២ ម៉ឺនរៀលយកទៅទិញថ្នាំជក់។  បើគ្មានប្រាក់ឱ្យទេ កូនស្រីរបស់គាត់ច្បាស់ជាត្រូវកណ្តាប់ដៃរន្ទះជើងរបស់ប្តីញៀនថ្នាំរូបនេះទ្រមខ្លួនជាមិនខាន។ មានថ្ងៃខ្លះអត់លុយ រូបគេចាប់បង្ខំឱ្យប្រពន្ធកាត់សក់លក់តម្លៃ ៨ ម៉ឺនរៀលយកទៅទិញថ្នាំជក់ សូម្បីតែកូនស្រីគាត់សុំលុយទិញអង្ករដាំបាយចម្អែតក្រពះបំបាត់ភាពស្រេក ឃ្លាន ត្រូវប្តីគម្រក់រូបនេះចាប់វាយច្របាច់កស្ទើរស្លាប់ស្ទើររស់។ អត់អីក៏អត់ចុះ ឱ្យតែអញបានជក់ថ្នាំ។
លោកយាយ លួន ខន បន្តឱ្យដឹងទៀតថា កូនប្រសារូបនេះមិនត្រឹមតែចូលចិត្តប្រើកម្លាំងបាយលើប្រពន្ធទេ ថែមទាំងជេរប្រមាថដៀលពូជអម្បូរគាត់ យ៉ាងចាស់ដៃទៀតផង ទើបកូនស្រីឆ្អែតចិត្តក៏ព្រមនិយាយការពិតទទួលកំហុសដែលមកពីនាងជាស្រីល្ងង់ខ្លៅ ចិត្តងាយ  គ្រាន់តែគេប្រើពាក្យសម្តីលួងលោមប្រលោមស្នេហ៍បន្តិច ក៏ប្រគល់ព្រហ្មចារីឱ្យប្រុសដែលមិនដឹងប្រវត្តិ ឆីគ្មានស្រណោះ។ លុះរួមរស់ជាមួយគ្នាបាន ២-៣ខែ ទើបដឹងថាប្តីឥតខាន់ស្លារបស់នាងជាមនុស្សប្រើប្រាស់គ្រឿងញៀន។ ពេលនោះ ទោះជានាងចង់ដកខ្លួនដើរត្រឡប់ក្រោយក៏ហួសពេលដែរ  ហើយកាន់តែធ្ងន់កបំផុតនៅពេលប្តីបែកថ្នាំម្តងៗ តែងចាប់ប្រពន្ធវាយដំ និង បង្ខំរួមភេទគ្មានស្គាល់សុខទុក្ខប្រពន្ធឡើយ។ ក្នុងរយៈពេល២ឆ្នាំរួមរស់ជាមួយគ្នា នាងស្គាល់ទារុណកម្មរបស់ប្តីហេងស៊យរូបនេះគ្រប់រសជាតិអស់ហើយ ធ្វើឱ្យនាងរស់នៅជាមួយនឹងទឹក ភ្នែករាល់ថ្ងៃ គ្រាន់តែមិនទម្លាយឱ្យក្រុមគ្រួសារដឹងតែប៉ុណ្ណោះ។ រូបគាត់មិនអាចទ្រាំនឹងទង្វើអសីលធម៌របស់កូនប្រសាហេងស៊យនោះបានតទៅទៀត ក៏បានក្រោកតតាំងមិនឱ្យគេវ៉ៃបោចសក់កូនស្រីរបស់គាត់ទៀតឡើយ ដោយបានជេរបណ្តេញមិនឱ្យរស់នៅក្នុងផ្ទះទៀតទេ។  បើគិតមកដល់ពេលនេះ មានរយៈពេលជាងមួយខែមកហើយ។
លោកយាយ ទូច ណាវ អាយុ៧១ឆ្នាំ ជាសាច់ញាតិបានឱ្យដឹងថា ក្រុមគ្រួសាររបស់គាត់មានចៅស្រី២នាក់ មិនដើរតាមគន្លងធម៌ ហ៊ានយកប្តីចិត្តឯង បំបាក់មុខមាត់កិត្តិយសគ្រួសារ។ ដោយឡែក ចៅស្រីឈ្មោះ យឹម សុខឃីន មានវាសនាអភ័ព្វជាងគេ យកប្តីប៉ះប្តីវ៉ៃបោចសក់ ធ្វើបាបឱ្យរស់នៅក្នង្នុរណ្តៅទុក្ខ សមុទ្រទឹកភ្នែក២ឆ្នាំពេញ។
នាង យឹម សី អាយុ៣១ឆ្នាំ ជាបងស្រីបានឱ្យដឹងថា អ្វីដែលម្តាយរៀបរាប់ខាងលើសុទ្ធតែជាការពិតទាំងអស់  ព្រោះប្អូនស្រីរបស់នាងបានជ្រុលជ្រួសយកប្តីឥតខាន់ស្លាជាប្រុសញៀនថ្នាំ មិនសូវពូកែរឿងការងាររកប្រាក់ប៉ុន្មានឡើយ គឺខ្លាំងតែរឿងផឹកស្រា ប្រើប្រាស់គ្រឿងញៀន វាយដំបោចសក់ប្រពន្ធ និង ខ្លាំងតែរឿងលើគ្រែប៉ុណ្ណោះ ធ្វើឱ្យប្អូនស្រីនាងរស់នៅជាមួយទឹកភ្នែកអស់រយៈពេល២ឆ្នាំ ហើយក្រុមគ្រួសារមិនចង់ឱ្យប្អូនស្រីយកប្តីរូបនេះទៀតឡើយ។
ដោយឡែក លោក ថា អាយុ៣០ឆ្នាំ ជាប្តី អ្នកយកព័ត៌មានយើងមិនអាចទាក់ទងសុំការបកស្រាយបានទេ។ តែយើងនឹងរង់ចាំការបំភ្លឺពីលោកជានិច្ច។
គួរបញ្ជាក់ថា នារីដែលមានថ្លើមធំ ហ៊ានយកប្តីចិត្តឯងទៅតាមកម្បួលភ្លើងស្នេហ៍ដុតរោល មានភាគតិចណាស់ដែលជួបប្រុសល្អ ចេះថ្នាក់ថ្នមមើលថែ។  ក្រៅពីនោះ ច្រើនតែជួបទុក្ខធំ ទឹកភ្នែកជូតូក្បាលជង្គង់រាល់ថ្ងៃ ត្រូវប្តីវាយដំទាត់ធាក់ ឬ ប្តីជាមនុស្សប្រមឹក ប្រើប្រាស់គ្រឿងញៀនជាដើម។ ដូចនេះ  នារីគ្រប់រូបមុននឹងយកបុរសណាមួយជាគូអនាគត ត្រូវចៀសវាងកុំយកប្រុសដែលមានចរិកដូចខាងលើនេះ៕

No comments