ប្អុនធម៌ថោកលេងមួយក្បាច់ បងធម៌សែនល្អដាច់ផ្ងារ ត្រូវប្រពន្ធជេរផង ប៊ិះបោះឈូងផង
ភ្នំពេញ ៖ បុរសម្នាក់ត្រូវប្អូនធម៌ជើងល្អ បបួលចូលទៅផឹកស៊ីកក្នុងហាងមួយកន្លែង ដោយធានាចេញមុខប៉ាវបងធម៌ លុះផឹកស៊ីស្រវឹង ដល់ម៉ោងគិតលុយ អស់ជាង១០០ដុល្លារ ស្រាប់តែប្អូនធម៌កំហូចបានគេចខ្លួនបាត់ ទុកឱ្យបងធម៌នៅម្នាក់ឯងអត់លុយឱ្យថ្លៃស្រា ក៏ត្រូវម្ចាស់ហាងឃាត់ម៉ូតូទុកជាថ្នូរនឹងការរកប្រាក់មកលោះយកម៉ូតូត្រឡប់ទៅវិញ។ លុះត្រឡប់ទៅដល់ផ្ទះ ត្រូវប្រពន្ធជេរបញ្ចោរចង់លេងបោះឈូង ទើបបុរសរូបនេះប្រញាប់រត់ទៅទៅដាក់ពាក្យបណ្តឹងទាំងមិនទាន់ស្វាងស្រវឹងនៅឡើយ ដើម្បីឱ្យសមត្ថកិច្ចជួយអន្តរាគមន៍តាមចាប់ប្អូនធម៌ជើងល្អមកដោះស្រាយគ្នា។
ហេតុការណ៍ខាងលើនេះ បានកើតឡើង កាលពីវេលាម៉ោង១២និង៣០នាទីថ្ងៃត្រង់ ថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៨ នៅចំណុចប៉ុស្តិ៍នគរបាលកាកាប១ ខណ្ឌពោធិ៍សែនជ័យ។
បុរសរងគ្រោះដែលចាញ់ល្បិចប្អូនធម៌នេះ មានឈ្មោះសៅ ប៊ុននឿន អាយុ៣៥ឆ្នាំ មានប្រពន្ធ និងកូន៣នាក់ ស្នាក់នៅផ្ទះជួល ក្នុងភូមិចោមចៅ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ និងមានស្រុកកំណើតនៅស្រុកព្រះស្តេច ខេត្តព្រៃវែង។ ចំណែកម៉ូតូដែលត្រូវម្ចាស់ហាងឃាត់ទុក ម៉ាកហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០១៤ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1CR-7054។
តាមសម្តីបុរសរងគ្រោះជាម្ចាស់ម៉ូតូ បានរៀបរាប់ប្រាប់ទាំងមិនទាន់ស្វាងស្រានៅឡើយថា កាលពីវេលាម៉ោង១១យប់ ថ្ងៃទី១២ ខែមករា ឆ្នាំ២០១៨ ប្អូនធម៌ប្រុស២នាក់ បានបបួលលួងនាំខ្លួនទៅផឹកស៊ី ទោះជាខ្លួនប្រាប់ថា ថ្ងៃនេះគ្មានលុយមួយរៀលទេ ដោយសាររត់ឌុបអត់បានលុយ តែប្អូនធម៌ចេះតែរំអុក តឿនបង្ខំ ដោយអះអាង ពួកគេធានាប៉ាវមិនឱ្យខ្លួនជាបងធម៌ខ្វល់ឡើយ ទើបខ្លួនបានសម្រេចចិត្តជិះម៉ូតូដឹកប្អូនធម៌២នាក់នោះ ចូលទៅផឹកស៊ី ច្រៀងខារ៉ាអូខេយីហោ រាជនី តាមផ្លូវ២០០៤ ស្ថិតក្នុងភូមិត្រពាំងល្វា សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ។
បុរសរងគ្រោះ បន្តថា លុះផឹកអស់ស្រាបៀរ១កេស ប្អូនធម៌បានហៅនារីខារ៉ាអូខេឱ្យមកអង្គុយជិតផឹកកំដរ ហើយប្រាប់ថា ចេញទៅក្រៅមួយភ្លែត រួចក៏នាំគ្នាគេចខ្លួនទៅបាត់អស់ ទុកឱ្យខ្លួនចេះតែខំអង្គុយរង់ចាំប្អូនវិលវិញ តែចាំបាត់ៗ រហូតដល់ព្រឹកថ្ងៃទី១៣ ខែមករា នៅតែមិនឃើញ ម្ចាស់ហាងគិតលុយអស់១២៦ដុល្លារ គ្មានវាចានឹងថ្លែង ព្រោះគ្មានលុយ១រៀលជាប់ខ្លួនផង មានតែដាក់ម៉ូតូបញ្ចាំទុកនៅហាង រួចដើរស្វែងរកប្អូនធម៌កំហូច តែរកមិនឃើញសោះ។
បុរសរងគ្រោះ បានបញ្ជាក់ថា ក្រោយពីចាញ់ល្បិចប្អូនធម៌ហើយ ខ្លួនក៏បានត្រឡបទៅ់ផ្ទះវិញ ស្រាប់តែត្រូវជេរបញ្ចោរ ប្រុងលេងបោះឈូង ទើបខ្លួនប្រញាប់ទៅដាក់ពាក្យបណ្តឹង ដើម្បីឱ្យសមត្ថកិច្ចជួយអន្តរាគមន៍តែម្តង ព្រោះនេះជាលើកទី២ហើយ ដែលលោកប្អូនធម៌ទាំង២នាក់ បានឆបោកនាំទៅផឹកស៊ីហើយបញ្ចាំម៉ូតូបែបនេះ ហេតុនេះសូមឱ្យប៉ូលិសជួយរកមុខប្អូនធម៌ យកលុយមកលួសម៉ូតូឱ្យរូបគេវិញផង។
តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា ករណីខាងលើនេះ សមត្ថកិច្ចមិនិដឹងជាត្រូវជួយអន្តរាគមន៍បែបណាទេ ព្រោះបុរសខាងលើស្រវឹងស្រាទោទន់ សូម្បីតែសាកសួរឈ្មោះប្អូនធម៌ និងថាប្អូនធម៌នោះនៅដល់ទីណា ក៏មិនដឹងផង តើឱ្យប៉ូលីសទៅរកប្អូនធម៌របស់បុរសខាងលើនៅឯណា ហេតុនេះមានតែរងចាំស្វាងស្រា ហើយរកលុយទៅលួសម៉ូតូដោយខ្លួនឯងទេ។ បន្ទាប់មកបុរសខាងលើ ក៏បានដើរចាកចេញទៅបាត់ទៅ៕
Post a Comment