អាងខ្លួនជាមន្ត្រីយោធា គ្រោះថ្នាក់ចរាចរណ៍តិចតួចទាញកាំភ្លើងបាញ់១គ្រាប់ លទ្ធផលចុងក្រោយត្រូវពលរដ្ឋស្វាគមន៌ទ្រមខ្លួន

បុរសម្នាក់អាងខ្លួនជាយោធា មានកាំភ្លើងសៀតចង្កេះ ក៏បញ្ចោញចរិតក្អេងក្អាង គ្រាន់តែបើករថយន្តប៉ះគ្នាតិចតួច មិនព្រមដោះស្រាយតាមសម្រួល បែរជាបង្កទំនាស់តឹងសរសៃក រហូតក្តៅចិត្តដកកាំភ្លើងបាញ់មេឃ១គ្រាប់ ទុកជាការគំរាមគូភាគី ជាហេតុធ្វើឱ្យប្រជាពលរដ្ឋ អ្នកដំណើរប្រទះឃើញ អត់ទ្រាំមិនបាន ក៏ព្រួតគ្នាវាយម្នាក់១ដៃ១ជើង បណ្តាលឱ្យសន្លប់ស្តូកស្តឹង។
ករណីគ្រោះថ្នាក់ចរាចរណ៍តិចតួច ក្លាយជាជម្លោះបែកផ្សែងរហូតឈានដល់ការផ្ទុះអាវុធនេះ បានបង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១១និង៤០នាទីយប់ ថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០១៨ នៅចំណុចក្បែរវត្តដំបូកខ្ពស់ តាមផ្លូវ២៧១ សង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ។


ភាគីមន្ត្រីយោធាដែលបាញ់គំរាមគូទំនាស់១គ្រាប់ ព្រោះតែខឹងរឿងបើករថយន្តប៉ះគ្នាតិចតួចនេះ មានឈ្មោះហៀង សុភា អាយុ៣២ឆ្នាំ មុខរបរជាមន្ត្រីយោធាការពារព្រំដែន។ ចំណែកភាគីម្ខាងទៀត មិនស្គាល់អត្តសញ្ញាណនោះទេ ក្រោយពេលឃើញបុរសជាខ្មាន់កាំភ្លើង ត្រូវប្រជាពលរដ្ឋព្រួតវាយដល់សន្លប់ ក៏បានបើករថយន្តគេចចេញបាត់ពីកន្លែងកើតហេតុ។


តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្ត២គ្រឿង មិនចាំម៉ាក និងមិនចាំស្លាកលេខ បានបើកកៀរប៉ះគ្នាតិចតួច បន្ទាប់មកអ្នកបើករថយន្តទាំងសងខាងបានចុះពីលើរថយន្តមកនិយាយគ្នា តែដោយខ្វះការអធ្យាស្រ័យគ្នា ទើបមិនបាននិយាយគ្នាតាមសម្រួលនោះទេ សុទ្ធតែចង់ឈ្នះចង់ចាញ់ អាងខ្នងអាងខ្នាយរៀងខ្លួន រហូតដល់ភាគីម្ខាងដែលគេដឹងថា ជាមន្ត្រីយោធាការពារព្រំដែនបាន ដកកាំភ្លើងខ្លី១ដើម ម៉ាកឡុក បាញ់ឡើងលើមេឃ១គ្រាប់ គំរាមគូទំនាស់ ជាហេតុធ្វើឱ្យកើតមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងអ្នកដំណើរ ឈប់ចោមរោមមើល ផ្ទុះកំហឹងនឹងខ្មាន់កាំភ្លើង ដែលគ្រាន់តែមានរឿងតិចតួចសោះ មិនព្រមដោះស្រាយគ្នាតាមសម្រួល បែរជាសម្ញែងឬក ផ្ទុះអាវុធគំរាមគេឯង បង្កអសន្តិសុខក្នុងសង្គម ក៏ព្រួតគ្នាវាយម្នាក់១ដៃ១ជើង រហូតដល់សន្លប់នៅនឹងកន្លែង។ ចំណែកភាគីរថយន្តម្ខាងទៀត ឃើញប្រជាពលរដ្ឋព្រួតវាយខ្មាន់កាំភ្លើងសន្លប់បែបនេះ ក៏ឡើងទៅបើករថយន្តរបស់ខ្លួនចេញបាត់ទៅ។



ក្រោយកើតហេតុ សមត្ថកិច្ចបានចុះអន្តរាគមន៍ដល់ទីតាំងកើតហេតុ និងបានទាក់ទងហៅរថយន្តសង្គ្រោះមកដឹកបញ្ជូនបុរសជាខ្មាន់កាំភ្លើងទៅព្យាបាលនៅគ្លីនិកឯកជន។ ចំណែកកាំភ្លើងខ្លី ត្រូវកម្លាំងកងរាជអាវុធហត្ថខណ្ឌមានជ័យ យកទៅរក្សាទុក។
តាមប្រភពពីមន្ត្រីកងរាជអាវុធហត្ថខណ្ឌខណ្ឌមានជ័យ បានបញ្ជាក់ថា កម្លាំងអាវុធហត្ថពិតជាបានដកហូតកាំភ្លើងខ្លីម៉ាកឡុក១ដើម  យកទៅរក្សាទុកប្រាកដមែន បន្ទាប់ពីមានការផ្ទុះអាវុធកម្លាំងអាវុធហត្ថបានប្រញាប់ចុះទៅពិនិត្យកន្លែងកើតហេតុ ឃើញមានបុរសម្នាក់សន្លប់ស្តូក ហើយមានសន្តិសុខឯកជនដែលយាមនៅហាងខារ៉ាអូខេក្បែរនោះ បានយកកាំភ្លើងខ្លីរបស់បុរសដែលសន្លប់នោះមកប្រគល់ឱ្យសមត្ថកិច្ច៕

No comments