រឿងធំហើយពេលនេះ អ្នកហ៊ានប្រមាថអង្គព្រះមហាក្សត្រ នឹងត្រូវជាប់ពន្ធនាគារច្រើនឆ្នាំ
នៅព្រឹកថ្ងៃសុក្រ ២រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០១៨ រាជរដ្ឋាភិបាល បានអនុម័តទាំងស្រុងនូវវិសោធនកម្ម ក្រមព្រហ្មទណ្ឌ ដែលចែងពាក់ព័ន្ធនឹងការដាក់ទោសលើអ្នកប្រមាថព្រះមហាក្សត្រ នៅក្នុងសម័យប្រជុំពេញអង្គ ដោយក្នុងនោះ អ្នកដែលប្រមាថព្រះមហាក្សត្រ អាចនឹងជាប់ពន្ធនាគារពី១ រហូតដល់៥ឆ្នាំ។

លោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលបានថ្លែងថា ការរៀបចំវិសោធនកម្មក្រមព្រហ្មទណ្ឌនេះ គឺដើម្បីធានា លើកស្ទួយ និងការពារព្រះចេស្ដា និងព្រះកិត្តិនាមរបស់អង្គព្រះមហាក្សត្រ ដែលជាព្រះប្រមុខរដ្ឋ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពស់ខ្ពស់បំផុត នៃប្រជាជាតិខ្មែរ ស្របតាមមាត្រា៧ នៃរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា និងដោយមានសំណើពីក្រុមប្រឹក្សាធម្មនុញ្ញ អំពីការប្រមាថចំពោះអង្គព្រះមហាក្សត្រ ត្រូវកំណត់ជាបទល្មើសព្រហ្មទណ្ឌ។

លោក ផៃ ស៊ីផាន បានបន្តថា បទល្មើសប្រមាថចំពោះអង្គព្រះមហាក្សត្រ ត្រូវរៀបចំជាមាត្រាថ្មីមួយបន្ថែមទៀត គឺមាត្រា៤៣៧ស្ទួន ដោយបញ្ចូលទៅក្នុងជំពូកទី១ នៃមាតិកាទី១ នៃគន្ថីទី៤ នៃក្រមព្រហ្មទណ្ឌ ដែលមានខ្លឹមសារជារួមថា «ការប្រមាថចំពោះអង្គព្រះមហាក្សត្រ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី១ឆ្នាំទៅ៥ឆ្នាំ និងពិន័យជាប្រាក់ពី២លានរៀល ទៅ១០លានរៀល។ ចំពោះនីតិបុគ្គល ក៏អាចត្រូវបានផ្តនា្ទទោសពិន័យជាប្រាក់១០លានរៀល ទៅ៥០លានរៀល ព្រមទាំងទោសបន្ថែមមួយ ឬច្រើន ក្នុងករណីដែលតុលាការរកឃើញថា មានពិរុទ្ធភាពពាក់ព័ន្ទនឹងការប្រមាថចំពោះអង្គព្រះមហាក្សត្រ»៕

Post a Comment