សូមចូលរួមត្រេកអរផង!!! រកឃើញម្ចាស់ពានរង្វាន់ បុរសស្រលាញ់ភេទដូចគ្នា ប្រចាំប្រទេស
និស្សិតសាកលវិទ្យាល័យម្នាក់ បានឈ្នះពានរង្វាន់ Mr. Gay World Thailand ដែលជាពានរង្វាន់មួយប្រភេទ ស្តីអំពីបុរសស្រលាញ់ភេទដូចគ្នានៅប្រទេសថៃ។

សម្រាប់លក្ខខណ្ឌក្នុងការប្រកួត គេតម្រូវឲ្យបេក្ខជនមានអាយុចាប់ពី ១៨ ទៅ ៤០ ឆ្នាំ មានរាងកាយមាំមួន និងចំណេះដឹងជ្រៅជ្រះ។ ហើយជ័យលាភីថ្នាក់ជាតិ នឹងត្រូវបានគេជ្រើសរើស ឲ្យតំណាងប្រទេសថៃ ក្នុងការប្រកួតពានរង្វាន់ Mr. Gay World ថ្នាក់អន្តរជាតិ ដែលប្រពឹ្រត្តទៅនៅប្រទេសអាហ្វ្រិកខាងត្បូង នាខែឧសភា ២០១៨ ខាងមុខនេះ។
ម្ចាស់ជ័យលាភីលោក Pakkrapong Kuaikhoen វ័យ ២៦ ឆ្នាំ គឺជានិស្សិត ដែលកំពុងបន្តការសិក្សានៅសាកលវិទ្យាល័យជាតិ នៅខេត្ត Lampang រូបនេះ បានឈ្នះពានរង្វាន់ Mr. Gay World Thailand ក្រោយពីបានឡើងនិយាយអំពីប្រធានបទប្រយុទ្ធប្រឆាំងនឹងការរើសអើង ក៏ដូចជាការមាក់ងាយលើមនុស្សស្រលាញ់ភេទដូចគ្នា ពីសំណាក់អ្នកលេងបណ្តាញសង្គមមួយចំនួននៅប្រទេសថៃ។

យុវជនរូបនេះបានឲ្យដឹងថា រូបលោកចង់ឃើញមហាជនទូទៅទទួលស្គាល់ សហគមន៍មនុស្សស្រលាញ់ភេទដូចគ្នា ហើយវាគឺជាមូលហេតុ ដែលជម្រុញឲ្យរូបលោក ឈានជើងប្រកួតក្នុងពានរង្វាន់នេះ។
គួរបញ្ជាក់ថា កម្មវិធីប្រកួតប្រជែង Mr. Gay World ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០០៩ និងបានប្រព្រឹត្តទៅជារៀងរាល់ឆ្នាំ ក្នុងគោលបំណងលើកកំពស់សិទ្ធិមនុស្ស ជាពិសេស ចំពោះសហគមន៍អ្នកស្រលាញ់ភេទដូចគ្នាតែម្តង៕
Post a Comment