ព្រានព្រៃចាស់វស្សាម្នាក់ត្រូវគេបាញ់សម្លាប់ហើយ ខណៈព្យាយាមបាញ់សត្វតោនៅអាហ្វ្រិកខាងត្បូង
ព្រានព្រៃដុះស្លែម្នាក់ រស់នៅ Coratia ត្រូវបានគេបាញ់សម្លាប់ហើយ ខណៈគាត់ព្យាយាមសម្លាប់សត្វតោជាច្រើនក្បាល នៅក្នុងប្រទេសហ្វ្រិកខាងត្បូង ។

ប៉ូលីស Manikeng និយាយថា ពួកគេចាប់ផ្តើមបើកការស៊ើបអង្កេតមួយ បន្ទាប់ពីបុរសឈ្មោះ Pero Jelinic អាយុ ៧៥ ឆ្នាំ ត្រូវបានបាញ់សម្លាប់ ខណៈគាត់ព្យាយាមប្រមាញ់ពួកសត្វតោ នៅ Leeubosch Lodge ។
យ៉ាងណាមិញ ប៉ូលីសក៏ពុំទាន់ដឹងថា តើនរណាជាជនដៃដល់ ដែលបានបាញ់សម្លាប់លោក Jelinic នោះទេ ។ ប្រសិនត្រូវបានចាប់ខ្លួន ជននោះនឹងប្រឈមបទចោទប្រកាន់មនុស្សឃាត និងកាន់កាប់អាវុធ និងគ្រាប់រំសេវ ខុសច្បាប់ ។
យោងតាមការស៊ើបអង្កេតរបស់ប៉ូលីស លោក Jelinc គឺជាមនុស្សម្នាក់បាននិងកំពុងប្រមាញ់សត្វរស់ពេញមួយជីវិតរបស់គាត់ទៅហើយ នៅក្នុងទ្វីបអឺរ៉ុប ។

Jelinic ថ្មីៗនេះបានប្រាប់មិត្តភក្តិរបស់គាត់ថា គាត់បានប្រមាញ់រួចហើយនូវអ្វីៗដែលអាចបាញ់ដោយស្របច្បាប់នៅអឺរ៉ុប ហើយក៏ជាពេលវេលាសម្រាប់គាត់ត្រូវបន្តដំណើរទៅមុខ ។
គាត់បានធ្វើដំណើរទៅកាន់អាហ្វ្រិកខាងត្បូង ដើម្បីប្រមាញ់សត្វដ៏កម្របន្ថែមទៀត ។ គាត់បានស្នាក់នៅ Leeubosch Lodge ដែលគ្រប់គ្រងដោយវេជ្ជបណ្ឌិត Gideon Engelbrecht ។
កាលពីថ្ងៃសៅរ៍ Jelinic និងមិត្តភក្តិ២នាក់របស់គាត់ បានចេញដំណើរទៅកាន់កសិដ្ឋានមួយ ដើម្បីប្រមាញ់ពួកតោ ។ បន្ទាប់ពី Jelinic បានបាញ់សម្លាប់សត្វតោ១ក្បាល ហើយនៅពេលគាត់កំពុងរៀបចំបាញ់តោ១ក្បាលទៀត គាត់ក៏ត្រូវបានបាញ់ប្រហារដោយគ្រាប់កាំភ្លើង ។ គាត់ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ Vryburg , ទីកន្លែងដែលគាត់ត្រូវបានប្រកាសស្លាប់ ។
Engelbrecht ពុំបានស្ថិតនៅកន្លែងកើតហេតុទេ ក្នុងអំឡុងពេលបាញ់ប្រហារលោក Jelinic ៕


Post a Comment