ជួយស៊ែរផង អាណិតណាស់!!! ឡើងយកទឹកត្នោត លក់ចិញ្ចឹមជីវិត… ថ្ងៃនេះបាក់បង្អោងឫស្សី ធ្លាក់បាក់ចង្កេះ បាក់ជើង រងរបួសធ្ងន់

ភ្នំពេញ ៖ បុរសម្នាក់ ជាអ្នករបរឡើងត្នោតយកទឹក ខណៈដែលដែល កំពុងឡើងដើមត្នោត ចៃដន្យស្រាប់តែ បាក់បង្អោងឫស្សី ធ្លាក់ចុះមកតាំងពីលើចុងត្នោត កំពស់៩ម៉ែត្រ មកដល់ដីរងរបួសធ្ងន់ បាក់ចង្កេះ បាក់ជើង កាលពីវេលាម៉ោង ៦និង៣០នាទីព្រឹក ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៧ ស្ថិតនៅខាងក្រោយវត្តជន្លង់ម្លូ ភូមិព្រៃរងៀង សង្កាត់ភ្លើងឆេះរទេះ ខណ្ឌពោធិសែនជ័យ ។


ជនរងគ្រោះ ក្នុងឧប្បត្តិហេតុខាងលើ មានឈ្មោះ ណាក់ ណុន ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរ ឡើងត្នោត មានប្រពន្ធឈ្មោះ ផល ចាន់នី អាយុ២២ឆ្នាំ មុខរបរ កម្មកររោងចក្រ មានកូនប្រុស២នាក់ក្នុងបន្ទុក ស្នាក់នៅ រោងលក់ទឹកត្នោតជូរ ក្បែរបញ្ជាការដ្ឋាន កងទ័ពជើងអាកាស ភូមិកន្ទោកត្បូង សង្កាត់កន្ទោក ខណ្ឌពោធិសែនជ័យ មានស្រុកកំណើត ភូមិបាគ្រង ឃុំគោករវៀង ស្រុកបាយធាយ ។


តាមក្រុមគ្រួសារ បានឲ្យដឹងថា ជនរងគ្រោះ នៅពេលដែលរដូវឡើងត្នោត ជនរងគ្រោះនាំទាំងគ្រួសារ កូនចៅមកស្នាក់នៅ សង់តូប រោងលក់ទឹកត្នោតជូរ នៅក្នុងភូមិកន្ទោកត្បូង រៀងរាល់រដូវឡើងត្នោត ហើយមុនពេលកើតហេតុ ជនរងគ្រោះ ចេញមកពីរោងលក់ដូរ មកឡើងត្នោតយកទឹក ដូចរាល់ថ្ងៃ ជាអកុសល ជនរងគ្រោះជួបហេតុការណ៍នេះតែម្តង ។


តាមប្រជាពលរដ្ឋ នៅកន្លែងកើតហេតុ បានឲ្យដឹងថា រាល់ព្រឹកល្ងាច ឃើញជនរងគ្រោះ មកឡើងដើមត្នោត ដើម្បីយកទឹក លុះនៅព្រឹកកើតហេតុ ជនរងគ្រោះជិះម៉ូតូ មកឡើងត្នោតដូចសព្វដង ខណៈដែលឡើងជើងដល់ លើចុងហើយ នៅកំពស់ប្រហែល៩ម៉ែត្រ ស្រាប់តែ បាក់បង្អោងឫស្សី ធ្លាក់ជនរងគ្រោះមកដី បណ្តាលឲ្យរងរបួសធ្ងន់ ។

ក្រោយកើតហេតុ ជនរងគ្រោះ ត្រូវបានប្រជាពលរដ្ឋហៅរថយន្តសង្រ្គោះ របស់អង្គភាព៧១១ ដឹកបញ្ជូនជនរងគ្រោះ ទៅមន្ទីរពេទ្យព្រះកុសុមៈ ៕











Post a Comment