សូម្បីអ្នករៀបអាពាហ៍ពិពាហ៍ហើយក៏ភ្ញាក់ផ្អើលដែរ!!! អាពាហ៍ពិពាហ៍ខ្មែរដែលមនុស្សភាគច្រើនមិនបានដឹង....

Image may contain: 3 people, people smiling, drawing
ថ្ងៃនេះ តា លើកយកក្បួនអាពាហ៍ពិពាហ៍ខ្មែរ
របស់អ្នកឧកញ្ញ៉ាមហាវិនិច្ឆ័យ ដែលបានរៀបរាប់
អំពីពិធីអាពាហ៍ពិពាហ៍តូចៗជាច្រើន ដូចជាពិធី៖
សុំស្លាកន្សែង ផ្កាស្លា៣ យកពេលាកូនកំឡោះ
តោងជាយស្បៃ ស្រែកជ័យហោងសួស្ដីហោង
មែនហោង បង្វិលពពិល រាំសាដាន លុបដាន
សាកន្ទេល សែនក្រុងពាលី ស្ដីដណ្ដឹង ហែរកំណត់
កាត់ផ្កាស្លា កាត់សក់ សូត្រមន្ដ សែនគួចដៃ ធ្វើធ្មេញ
ក្រាលអង្កររាប ធ្វើធ្មេញ ប្រតប់ធ្មេញ បរសេះ
កាត់ខាន់ស្លា កប់ជីរ យកពេលា ផ្ទឹមសំពះ លាងជើង
ផ្សំដំណេក...ជាដើម។ ពិធីទាំងអស់នេះ ចេញពីរឿង
ដំណាលខុសៗគ្នា ខ្លះគឺជារឿងព្រេង ខ្លះគឺជារឿង
ទេវកថា ខ្លះគឺជារឿងទាក់ទងនឹងសម័យពុទ្ធកាល
ហើយខ្លះទៀត គឺជារឿងបែបព្រហ្មញ្ញសាសនា។
តើចៅៗឆ្ងល់ទេ ថាតើហេតុអ្វីបានជាដូនតាយើងធ្វើ
ពិធីតូចៗយ៉ាងច្រើន ហើយសុទ្ធតែមានប្រភពខុសៗ
គ្នាដូច្នេះ? កន្លងមក តា ធ្លាប់បានឮការតវ៉ាយ៉ាងច្រើន
ទាក់ទងនឹងពិធីមួយចំនួន ដូចជា ពិធីលាងជើង ជា
អាទិ៍ ដែលតាមរយៈការមើលឃើញដោយភ្នែកទទេ
ខ្វះការពិចារណា នាំគ្នាសន្និដ្ឋានថា គឺជាការមើល
ងាយមើលថោកកូនស្រី...។លនិង។ល។
តា មិនចង់បកស្រាយច្រើនទេ ប៉ុន្តែគ្រាន់តែចង់ក្រើន
រំលឹកដល់កូនខ្មែរជំនាន់ក្រោយថា អត្ថន័យពិតនៅក្នុង
ពិធីនីមួយៗ សុទ្ធបង្កប់តែនូវប្រស្នារបស់ដូនតាយើង
ដែលមានអត្ថន័យខ្លឹមសារអប់រំយ៉ាងជ្រាលជ្រៅទុក
អោយកូនចៅជំនាន់ក្រោយ។
ឧទាហរណ៍៖ ទាក់ទងនឹងពិធីរាំសាដាន លុបដាន
សាកន្ទេល។ តាមតំណាលក្នុងរឿងព្រេងខ្មែរបាន
និទានថា កាលពីព្រេងនាយមាននាហ្មឺនធំ ជាអ្នក
បម្រើស្ដេចក្នុងនគរពារាណសី បានពេញចិត្តកូនក្រមុំ
អ្នកស្រុកម្នាក់ បានទុកមាស ៣ តម្លឹង បញ្ចាំចិត្ត
ហើយសន្យាបីខែទៀត នឹងមករៀបការ។ ប៉ុន្តែពេល
វេលាបីឆ្នាំកន្លងផុត អ្នកស្រុកក៏បានរៀបការអោយ
កូនកម្លោះអ្នកស្រុកជិតគ្នា ប៉ុន្ដែនៅថ្ងៃរៀបការ
ស្រាប់តែនាហ្មឺនធំនោះបានមកដល់ ហើយក៏ផ្ទុះ
កំហឹង រួចហូតដាវសម្លាប់កូនកម្លោះដែលកំពុងក្រាប
សំពះក្នុងពិធីការនោះស្លាប់ទៅ។ ពេលនោះមេបាក៏
អញ្ជើញព្រាហ្មណ៍ ព្រឹទ្ធាចារ្យ អោយសូត្រមន្ដរម្ងាប់
ចង្រៃខ្មោចត្រង់កន្លែងបុរសស្លាប់ ហើយសាកន្ទេល
ចោលទៅ (ពិធីសាកន្ទេលក្នុងអាពាហ៍ពិពាហ៍ខ្មែរ)។
ក្រោយមកព្រាហ្មណ៍ព្រឹទ្ធាចារ្យ បានវិភាគអំពីឬទ្ធី
តេជះនៃដាវដែលដណ្ដើមយកប្រពន្ធបានមកវិញ។
ហេតុដូច្នេះហើយ ទើបចាប់តាំងពីពេលនោះមក
ព្រាហ្មណ៍ព្រឹទ្ធាចារ្យ ក៏ប្រាប់ប្រងអោយយកដាវ
មកប្រើក្នុងពិធីសំពះផ្ទឹម (សំពះផ្ទឹមកាន់ដាវក្នុង
អាពាហ៍ពិពាហ៍ខ្មែរ)។ ត្រង់នេះ តា ចង់គូសបញ្ជាក់ថា
បើពិនិត្យមើលត្រឹមតែរូបភាព គឺមិនខុសពីពិធីលាង
ជើងទេ អ្នកខ្លះអាចនឹងតវ៉ាថាពិធីមង្គលទាំងមូល ហេតុ
អ្វីក៏យកដាវមកកាន់សំពះផ្ទឹមអញ្ចឹង វាមិនសមទេ!
ចំពោះពិធីសាដាន លុបដាន សាកន្ទេល លក់កន្ទេល
វិញ បើពួកអ្នកមិនយល់អំពីសាច់រឿងដើម និង
អត្ថន័យនៃប្រស្នារបស់ដូនតា ពួកគេច្បាស់ជាប្រតិកម្ម
ថា បើស្នាមត្រូវបានសា ហើយលុប សូម្បីតែកន្ទេល
ក៏ត្រូវលក់ទៀត តើគូស្រកថ្មោងថ្មី ធ្វើម្ដេចនឹងស្គាល់
ពីភូមិកំណើត មាតុភូមិខ្លួនឯងនៅឯណា?...។ល។
អាស្រ័យដូចបានពោលខាងលើ តា ចង់អោយចៅៗ
ធ្វើការវិភាគអំពី ពិធីតូចៗ ដែលជាប្រពៃណីរបស់ខ្មែរ
យើង ទាក់ទងនឹងរឿងព្រេង រឿងទេវកថា ឬគម្ពីរពុទ្ធ
សាសនា និងព្រហ្មញ្ញសាសនា ហើយរកអោយ
ឃើញនូវអត្ថន័យ និងអាថ៌កំបាំងដ៏ជ្រាលជ្រៅរបស់វា
ព្រោះថា អ្នកប្រាជ្ញបុព្វបុរសខ្មែរ សុទ្ធតែមានទម្លាប់
មួយ គឺបង្កប់ន័យធៀបនៅក្នុងប្រស្នាទាំងនេះ ហើយ
ទុកអោយកូនចៅជំនាន់ក្រោយ រៀនវិភាគត្រិះរិះ
ពិចារណាស្វែងរកអត្ថន័យពិតដោយខ្លួនឯង។ ចៅៗកុំ
សួរ តា អី។ រឿងនេះ ពឹងអាស្រ័យលើប្រាជ្ញារបស់
ចៅៗដែលជាកូនខ្មែរជំនាន់ក្រោយហើយ។ ដូនតា
បុព្វបុរសយើង ចង់អោយចៅៗ មុននឹងជឿតាម ឬ
ប្រតិបត្តិតាមអ្វីមួយ គឺត្រូវតែប្រើប្រាជ្ញាដែលបានមក
ពីការសិក្សាស្រាវជ្រាវរៀនសូត្រធ្វើការវិភាគត្រិះរិះ
ពិចារណាដោយខ្លួនឯង កុំចេះតែធ្វើតាមគ្នាទាំងងងឹត
ងងល់ របៀបហៃអើៗ អាជ័យធ្លាក់ទឹក។
ជាចុងក្រោយ តាចង់រំលឹកចៅៗថា ចូរចាំពាក្យមួយ
ឃ្លា៖ «ខ្មែរមិនមែនឥណ្ឌា។ ពុទ្ធសាសនាខ្មែរ និង
ព្រហ្មញ្ញសាសនាខ្មែរ ក៏មិនដូចពុទ្ធសាសនា និង
ព្រហ្មញ្ញសាសនាក្នុងប្រទេសឥណ្ឌាដែរ»៕

No comments