គ្រូដាច់យ៉ៃ ដល់ថ្នាក់ប្លន់ម៉ូតូសិស្ស សម្រេចចងធ្វើរឿងមួយនឹកស្មានមិនដល់

ខេត្តបន្ទាយមានជ័យ ៖ ជនសង្ស័យជាចោរប្លន់ម្នាក់ ដែលបានធ្វើកម្មភាពជិះម៉ូតូកញ្ចាស់ប្រដេញតាម រួចធាក់ប្លន់យកម៉ូតូសិស្សម្នាក់ បានសម្រេចនៅតាមផ្លូវលំ ក្នុងភូមិបាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត កាលពីរសៀលថ្ងៃទី២១ ខែមករា ឆ្នាំ២០១៨ តែត្រូវសមត្ថកិច្ចស្រាវជ្រាវឃាត់ខ្លួនបាននៅយប់ថ្ងៃដដែលនោះ បានសម្រេចចិត្តចងកសម្លាប់ខ្លួន កាលពីវេលារំលងអធ្រាត្រ ឈានចូលថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៨ នៅក្នុងបន្ទប់ឃុំខ្លួន ស្ថិតក្នុងក្នុងបរិវេណអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត។
ជនសង្ស័យជាចោរប្លន់ម៉ូតូ ដែលសម្រេចចិត្តចងកធ្វើអត្តឃាតក្នុងបន្ទប់ឃុំខ្លួននេះ មានឈ្មោះគឹម ស្រេង អាយុ៤០ឆ្នាំ មានលំនៅក្នុងភូមិក្បាលស្ពាន២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។

តាមប្រភពពីសមត្ថកិច្ច បានបង្ហើបប្រាប់ថា ជនសង្ស័យខាងលើបានសម្រេចចិត្តចងកសម្លាប់ខ្លួនក្នុងបន្ទប់ឃុំខ្លួន ដោយប្រើខ្សែភ្លើងចងកភ្ជាប់នឹងចង្រឹងបង្អួច។ ក្រោយកើតហេតុ បន្ទាប់ពីសមត្ថកិច្ចជំនាញចុះពិនិត្យ និងធ្វើកោសល្យវិច័យសពភ្លាមៗ ទាំងកណ្តាលយប់ និងរកឃើញថា ជននេះពិតជាស្លាប់ដោយសារចងកមែននោះ ទើបសមត្ថកិច្ចបានដឹកសពយកមកទុកនៅឈាបនដ្ឋានក្នុងវត្តនារាម ហៅវត្តផ្សារកណ្តាល ទាំងយប់ ដើម្បីរង់ចាំសាច់ញាតិមកទទួលរៀបចំធ្វើបុណ្យតាមប្រពៃណី។
គួររំលឹកថា កាលពីរសៀលថ្ងៃទី២១ ខែមករា ឆ្នាំ២០១៨ មានករណីធាក់ប្លន់ម៉ូតូសិស្សស្រីមួយ បានកើតឡើងនៅចំណុចផ្លូវលំ ក្នុងភូមិបាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ដោយជនសង្ស័យឈ្មោះគឹម ស្រេង បានធ្វើសកម្មភាពជិះម៉ូតូកញ្ចាស់របស់ខ្លួនប្រដេញតាមម៉ូតូក្មេងស្រីសិស្សសាលាម្នាក់ ឈ្មោះប.ល.ស.ថ.រ អាយុ១៣ឆ្នាំ មានទីលំនៅភូមិ-សង្កាត់កើតហេតុខាងលើ ដែលកំពុងជិះទៅរៀន រួចធាក់ម៉ូតូក្មេងស្រីរងគ្រោះ បណ្តាលឱ្យដួល បន្ទាប់មកជនសង្ស័យក៏លើកម៉ូតូក្មេងស្រីរងគ្រោះជិះគេចខ្លួនទៅ ដោយបន្សល់ទុកម៉ូតូកញ្ចាស់របស់ខ្លួន ១គ្រឿង នៅនឹងកន្លែងកើតហេតុ។
នគរបាលក្រុងប៉ោយប៉ែត បានបញ្ជាក់ប្រាប់ថា មុនពេលកើតហេតុ ជនសង្ស័យបានជិះម៉ូតូរបស់ខ្លួន១គ្រឿង ម៉ាកវ៉េវកញ្ចាស់ ពណ៌ខ្មៅ គ្មានស្លាកលេខ ធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូងតាមផ្លូវលំ លុះមកដល់ចំណុចកើតហេតុ ដេញកៀរម៉ូតូក្មេងស្រីជាសិស្សសាលា ដែលបើកបរស្របទិសគ្នា លុះពេលជិះទៅទន្ទឹមនឹងម៉ូតូសិស្សស្រី ជនសង្ស័យក៏ធ្វើសកម្មភាពធាក់ម៉ូតូក្មេងស្រីរងគ្រោះ ម៉ាក Zoomer-X ពណ៌ទឹកក្រូចលាយខ្មៅ ស៊េរីឆ្នាំ២០១៥ បណ្តាលឱ្យដួល ហើយភ្លាមនោះ ជនសង្ស័យក៏ទុកម៉ូតូវ៉េវកញ្ចាស់របស់ខ្លួនចោល រួចទៅដណ្តើមយកម៉ូតូក្មេងស្រីរងគ្រោះ ជិះគេចទៅបាត់តែម្តង។
ក្រោយកើតហេតុ សមត្ថកិច្ចបានចុះដល់កន្លែងកើតហេតុភ្លាមៗ និងសាកសួរក្មេងស្រីរងគ្រោះ ដើម្បីកំណត់ភិនភាគជនសង្ស័យ បន្ទាប់មកសមត្ថកិច្ចបានចុះស្រាវជ្រាវ ស្រាប់តែមកដល់វេលាម៉ោង៨និង២៣នាទីយប់ថ្ងៃដដែល សមត្ថកិច្ចបានប្រទះឃើញម៉ូតូរបស់ជនរងគ្រោះចតចោលនៅមុខកាស៊ីណូ គាប់ជួនជនសង្ស័យដើរចេញពីកាស៊ីណូមកឡើងជិះម៉ូតូនោះល្មម ទើបសមត្ថកិច្ចបានចាប់វាយខ្នោះជនសង្ស័យនាំយកទៅសួរ នាំតែម្តង។
ខណៈធ្វើការសួរនាំ ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានជិះម៉ូតូដេញធាក់ រួចយកម៉ូតូក្មេងស្រីរងគ្រោះជាសិស្សស្រីខាងលើពិតប្រាកដមែន ទើបសមត្ថកិច្ចសម្រេចធ្វើការឃុំខ្លួនជនសង្ស័យខាងលើ នៅបន្ទប់ឃុំខ្លួនក្នុងបរិវេណអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត រង់ចាំកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្ត។ ស្រាប់តែមកដល់វេលារំលងអធ្រាត្រ ជនសង្ស័យក៏ធ្វើសកម្មភាពចងកសម្លាប់ខ្លួនក្នុងបន្ទប់ឃុំខ្លួននោះតែម្តង៕

No comments