សូមចូលរួមអប់អរសាទរទាំងអស់គ្នាផង!!! គម្រោងយក្ស ធំៗដែលប្រែកម្ពុជាទៅជាប្រទេសទំនើបនៅអាស៊ីឆាប់ៗ
ថ្មីៗនេះរដ្ឋាភិបាលកម្ពុជាបានប្រកាសគម្រោងយក្សចំនួន ៤ បើគិតជាប្រាក់សរុបអស់ប្រមាណដ ៥ ០០០ លានដុល្លារអាមេរិក ដោយក្នុងនោះមានដូចជា ផ្លូវល្បឿនលឿនពីភ្នំពេញទៅខេត្តព្រះសីហនុ, រថភ្លើងលើអាកាសនៅក្រុងភ្នំពេញ, ព្រលានយន្តហោះខេត្តសៀមរាប និងព្រលានយន្តហោះខ្នាតយក្សក្រុងតាខ្មៅ។


គម្រោងទី ១៖ ផ្លូវល្បឿនលឿន ភ្នំពេញ-ក្រុងព្រះសីហនុ
ក្រសួងសាធារណការ និងក្រុមហ៊ុនចិន បានកិច្ចព្រមព្រៀងសង់ផ្លូវល្បឿនលឿនដំបូងបង្អស់របស់កម្ពុជាលក្ខណៈអាជីវកម្ម-ផ្ទេរ BOT (ដំបូងអ្នកដំណើរត្រូវបង់ប្រាក់) ពីភ្នំពេញទៅក្រុងព្រះសីហនុ ដោយចំណាយប្រាក់ ១ ៩០០ លានដុល្លារ ដែលអាចសម្រួលដល់បងប្អូនអ្នកធ្វើដំណើរចំណាយពេលត្រឹម ២ម៉ោងប៉ុណ្ណោះ។

កិច្ចព្រមព្រៀងនេះ បានធ្វើឡើងក្នុងឱកាសដំណើរទស្សនកិច្ចរបស់លោក លី ខឺឈាង នាយករដ្ឋមន្ត្រីចិននៅកម្ពុជា។ តាមគម្រោង ផ្លូវល្បឿនលឿនមួយខ្សែនេះ នឹងចាប់ផ្ដើមសាងសង់នៅថ្ងៃដើមឆ្នាំ២០១៨ ប្រើទុន ១ ៩០០ លានដុល្លារ ដែលជាជំនួយរបស់ប្រទេសចិន។
គម្រោងទី ២៖ ព្រលានយន្តហោះខ្នាតយក្សនៅក្រុងតាខ្មៅ
គម្រោងទី២ គឺ ព្រលានយន្តហោះថ្មីនៅខេត្តកណ្តាល បានលេចចេញព័ត៌មានផ្លូវការហើយ ដោយទីស្តីការគណៈរដ្ឋមន្រ្តី ដោយនឹងត្រូវសាងសង់លើផ្ទៃដី ២ ៦០០ ហិកតា និងចំណាយប្រាក់ ១ ៥០០ លានដុល្លារ។ ក្រោយព្រលានយន្តហោះនេះសាងសង់រួច នឹងក្លាយជាព្រលានធំជាងគេបង្អស់នៅកម្ពុជា ដែលអាចទទួលយន្តហោះដឹកអ្នកដំណើរធំៗបាន។



ព្រលានយន្តហោះថ្មីដែលនឹងសាងសង់លើផ្ទៃដីទំហំប្រមាណ ២,៦០០ហិកតា នេះស្ថិតនៅក្នុងក្រុងតាខ្មៅ និងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ជាការវិនិយោគរបស់ក្រុមហ៊ុន ខេមបូឌា អ៊ែរផត អ៉ិនវេសមិន (Cambodia Airport Investment Co.,Ltd) ដែលក្នុងចំណោមទឹកប្រាក់ ១ ៥០០ លានដុល្លារ ទឹកប្រាក់ ១ ១០០លានដុល្លារ បានពីកម្ចីធនាគារបរទេស និង ២៨០លានដុល្លារជារបស់ក្រុម OCIC របស់ឧកញ៉ា ពុង ខៀវសែ។
គម្រោងទី ៣៖ រថភ្លើងលើអាកាសនៅរាជធានីភ្នំពេញ
គម្រោងទី ៣ គឺគម្រោងរថភ្លើងលើអាកាស AGT នឹងចាប់ផ្តើមរត់តាមផ្លូវធំៗចំនួន ៥ ឆាប់ៗដូចជា បណ្តោយមហាវិថីហ្សាលដឺហ្គោល មហាវិថីព្រះមុនីរ៉េត ផ្លូវលេខ ២១៧ ផ្លូវ វេង ស្រេង ឆ្ពោះមកព្រលានយន្តហោះ និង១ខ្សែទៀតបែកខ្នែងទៅផ្លូវជាតិលេខ៤ និងផ្លូវកប់ស្រូវ ដោយចម្ងាយសរុបចំនួន ១៨ គីឡូម៉ែត្រ។ គម្រោងនេះចំណាយប្រាក់ប្រហែលជាង ៨០០ លានដុល្លារ។


ខ្សែរថភ្លើងលើអាកាស AGT លើអាកាសនេះ នឹងជួយកាត់បន្ថយការកកស្ទះចរាចរណ៍ ក៏ដូចជាលើកស្ទួយដល់វិស័យដឹកជញ្ជូនលើអាកាសរបស់កម្ពុជាឲ្យកាន់តែផុសផុលឡើងនាពេលអនាគត។
គម្រោងទី ៤៖ ព្រលានយន្តហោះធំខេត្តសៀមរាប
ខេត្តសៀមរាបនឹងមានព្រលានយន្តហោះលំដាប់អន្តរជាតិថ្មីមួយ ដែលមានតម្លៃដល់ទៅ ៨៨០ លានដុល្លារ ក្រោមទុនវិនិយោគរបស់ក្រុមហ៊ុនធំមួយរបស់ចិនឈ្មោះ YUNAN Development Group។

បច្ចុប្បន្នប្លង់នៃព្រលានយន្តហោះថ្មីនេះ ត្រូវបានព្រមព្រៀងជ្រើសយកជាផ្លូវការរវាងសម្តេចហ៊ុន សែន និងនាយករដ្ឋមន្ត្រីចិន ដោយភាគីទាំងសងខាងនឹងចុះហត្ថលេខាយកប្លង់នេះ ដើម្បីសាងសង់ព្រលានយន្តហោះខ្នាតអន្តរជាតិនៅខេត្តសៀមរាប។

ព្រលានយន្តហោះថ្មីនេះ នឹងត្រូវសាងសង់លើផ្ទៃដីជាង ៧០០ ហិកតាស្ថិតនៅក្នុងស្រុកសូទ្រនិគម ខេត្តសៀមរាប ដែលអាចចុះចតយន្តហោះខ្នាតយក្សបាន ដើម្បីជម្រុញដល់កំនើនសេដ្ឋកិច្ច និងទទួលភ្ញៀវទេសចរពីគ្រប់បណ្តាលប្រទេសបានកាន់តែច្រើនថែមទៀត៕
Post a Comment