អ្នកដែលជាម្ចាស់រថយន្ត ROLLS-ROYCE SWEPTAIL តម្លៃ១៣លាននោះត្រូវគេសង្ស័យថាជាមហាសេដ្ឋីរុស្សី (មានវីដេអូ)

កាលពីសប្តាហ៍មុននេះ រថយន្ត Rolls-Royce Sweptail ត្រូវបានគេកម្មង់យកបាត់ទៅហើយក្នុងតម្លៃ ១៣លានដុល្លានោះ ហើយសារព័ត៌មាននេះពិតជាល្បីពេញពិភពលោកមែន ព្រោះតែតម្លៃរបស់វាថ្លៃហួសពីការស្មានទៅទៀត វាក៏ត្រូវបានគេចាត់ទុកថាជារថយន្តដែលមានតម្លៃថ្លៃជាគេលើលោកដែរ នេះក៏ព្រោះភាពល្អប្រណិតរបស់វាផងដែរ។


ចំពោះរថយន្តនេះផងដែរ ត្រូវបានគេសង្ស័យថាអ្នកដែលជាម្ចាស់របស់វាពិតប្រាកដនោះគឺ មហាសេដ្ឋី​រុស្សី​ឈ្មោះ​ Roman Abramovich ដែល​គាត់ជាមនុស្សម្នាក់ដែលស្រលាញ់​ងប់ងុល​នឹង​រថយន្ត​កំពូលៗ​ដូចនេះ។ វាពិតជាតម្លៃតិចតួចណាស់សម្រាប់មហាសេដ្ឋីរូបលោក ព្រោះអីគាត់មានទ្រព្យ​សម្បត្តិ​រហូតដល់​ទៅ ៧,៦ ពាន់លាន​ដុល្លារឯណោះ ដែលជាមហាសេដ្ឋីទី ១៣ នៅក្នុងប្រទេសរុស្សី និងជាមហាសេដ្ឋីទី ១៥១ ក្នុងលោក ដោយបានគិតត្រឹមឆ្នាំ២០១៦កន្លងទៅនេះ។ ​មហាសេដ្ឋី​រូប​​នេះ​ក៏​ត្រូវ​បាន​គេ​ស្គាល់យ៉ាង​ច្បាស់​​ថា​​ជា​ម្ចាស់​នៃ​ក្លឹប​បាល់​ទាត់ Chelsea នៃប្រទេស ​​អង់គ្លេសផង​ដែរ។


គួរបញ្ជាក់ឡើងវិញផងដែរថា រថយន្តម៉ាក Rolls-Royce កាលពីឆ្នាំ២០១៤ តម្លៃដែលខ្ពស់បំផុតនោះខ្ទង់ ៤ ទៅ ៥ លានដុល្លាទេ តែរថយន្តថ្មីមួយនេះវិញចេញក្នុងឆ្នាំ២០១៧នេះ ដែលមានឈ្មោះថា Rolls-Royce Sweptail​ មានតម្លៃរហូតដល់ទៅ ១៣លានដុល្លាឯណ្ណោះ ត្រូវបានគេចាត់ទុកថាជា​កំពូល​រថយន្ត​ដ៏​ប្រណិត​បំផុត​ដែល​ ​Rolls-Royce ​ទើប​បញ្ចេញ​ដើម្បី​អង្រួន​ចិត្ត​មហាសេដ្ឋី​ផ្សេងទៀត ដែល​មាន​ប្រាក់​វាល់​លាន​ដុល្លារ​ប្រជែង​ចង់​បានដែរ។


រថយន្តថ្មីនេះមាន​ការ​រចនា​លំនាំ​តាម​ត្រកូល​ ​Phanthom​ ​រាង​ទ្រវែង​មុខ​ជ្រុង​ ​ប៉ាណា​ធំ​ ​ចង្កៀង​មុខ​គុជ​មូល​មួយ​គូ​ អម​អំពូល​ ​LED​ ​លាយ​ចង្កៀង​ក្រោយ​ដ៏​ពិសេស​ ​​និង​កាត់​ជា​មួយ​ម៉ូដែល​ ​Wraith​ ​ដែល​មាន​ទ្វា​ពីរ​ដ៏​ទាក់ទាញ​ ​បែប​ស្រគត់ស្រគុំ​សក្ដិសម​ជា​រថយន្ត​សម្រាប់​អភិជន។


Rolls-Royce​ ​បាន​ផ្ដើម​គម្រោង​រូបរាងនេះ​ ​Sweptail​ ​តាំង​ពី​ឆ្នាំ​ ​២០១៣​ ​ហើយ​រថយន្ត​នេះ​ត្រូវ​ផលិត​ឡើង​តែ​មួយ​គ្រឿង​ប៉ុណ្ណោះ​ ​ខណៈ​តម្លៃ​ប្រមាណ​ ​១៣​ ​លាន​ដុល្លារ​ ​និង​អ្នក​ផ្ដើម​គម្រោង​នេះ​គឺ​ជា​អ្នក​ទិញ​វា​តែ​ម្ដង។


ដំណើរការ​ដោយ​ម៉ាស៊ីន​ ​Phantom VII​ ​ស៊ីឡាំង​ ​១២​ ​ចំណុះ​ ​៦,៧៥​ ​លីត្រ​ ​ហើយ​ម៉ូដែល​ពិសេស​នេះ​គឺ​ផលិត​យ៉ាង​សម្រិតសម្រាំង​ ​សូម្បី​តែ​រូប​ទេវរូប​ ​Ecstasy​ ​របស់​វា​គឺ​ផលិត​ពី​គ្រីស្តាល់​ ​និង​តួ​ក្នុង​ផលិត​ពី​បរិក្ខារ​សាច់​ក្រណាត់​លាយ​ស្បែក​ ​និង​ឈើ​យ៉ាង​ប្រណិត​ ​រួម​ទាំង​បច្ចេកវិទ្យា​ទំនើបៗ៕


ប្រភព៖ Zing

No comments