ប៊ុត សីហា រឹតតែឈឺបន្ទាប់ពីត្រូវវាយបកធ្ងន់ៗ ក្រោយបង្ហាញលទ្ធផលពិនិត្យទឹកនោម រកសារធាតុញៀន!
ទីបំផុត ម្ចាស់ជយលាភី «The Voice Cambodia» រដូវកាលទី១ តារាចម្រៀង លោក ប៊ុត សីហា បានសម្រេចចិត្ត ទៅពិនិត្យទឹកនោម រកសារធាតុញៀន ដើម្បីបញ្ចប់មន្ទិលសង្ស័យ ឬការរិះគន់របស់មហាជនមួយចំនួន ដែលយល់ថា ខ្លួនលោកបានប្រើប្រាស់គ្រឿងញៀន ក្រោយពេលដែលត្រូវបានសមត្ថកិច្ចឃាត់ខ្លួន កាលពីពេលថ្មីៗកន្លងមកនេះ។
ស្របពេល ជាមួយគ្នានៃការបង្ហាញលទ្ធផល ពិនិត្យទឹកនោមនេះដែរ លោក ប៊ុត សីហា ក៏បានសរសេរ ភ្ជាប់ជាមួយពាក្យសម្តីធ្ងន់ៗ ហាក់មានចេតនាសំដៅដល់អ្នករិះគន់ ឬដល់ស្ថាប័នសារព័ត៌មានមួយចំនួន ដែលកន្លងមកធ្លាប់ចុះផ្សាយ លើករណីដែលសមត្ថកិច្ចចាប់ខ្លួនលោក ពាក់ព័ន្ធគ្រឿងញៀន ដោយលោក ប៊ុត សីហា បានអះអាងថា «ជាវប្បធម៌ជាន់ពន្លិច»។
តារាចម្រៀងលោក ប៊ុត សីហា បាននិយាយថា «លទ្ធផលដែលខ្ញុំបានទៅធ្វើតេស្តទឹកនោម កាលពីថ្ងៃទី១២ខែមីនា ឆ្នាំ២០១៨ តែខ្ញុំទុកធុរៈផ្ទាល់ខ្លួនរវល់ អ៊ីចឹងអត់បាន Post ប្រាប់ពួកបងៗ អ្នកសារព័ត៌មាន ដែលនិយាយគ្មានការសាកសួរច្បាស់លាស់ ពីបុគ្គលដែលមានឈ្មោះពាក់ព័ន្ធនៅក្នុងហេតុការណ៍នោះ»។
លោក ប៊ុត សីហា បន្តដោយកំហឹងថា «ដូចជាខ្ញុំអីជាដើម..និយាយឲ្យស្រួលស្តាប់ហ្មងទៅ គឺពួកអាព័ត៌មានមិនពិត និងព័ត៌មានក៏មិនចំព័ត៌មានគឺនិយាយឲ្យចំទៅ។ មានតែនិយាយដើមគេ នឹងហែកកេរ្តិ៍ដើមគេសោះ ផ្សាយចេញមកដើម្បីបញ្ចេញកំហឹង គុំគួនរបស់ខ្លួន ដែលមិនខ្វល់ពីអ្នកណាទាំងអស់..។ មិនខ្វល់ពីរឿងនោះពិតឬក៏មិនពិត។ សំខាន់ឲ្យតែបានបំផ្លាញអនាគតនឹងកេរ្តិ៍ឈ្មោះ មនុស្សម្នាក់នោះ..មាសសុទ្ធមិនខ្លាចភ្លើងទេ»។
សូមបញ្ជាក់ថា តារាចម្រៀងនិងជាម្ចាស់ពាន «The Voice Cambodia» រដូវកាលទី១លោក ប៊ុត សីហា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន កាលល្ងាចថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៨ ស្ថិតនៅចំណុចមុខសាលាបឋមសិក្សាពងទឹក សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញដោយមានការសង្ស័យ លើករណីប្រើប្រាស់គ្រឿងញៀន។ ប៉ុន្តែជាចម្លើយត្រូវបានសាមីខ្លួន លោក ប៊ុត សីហា ចេញមុខបដិសេធន៍ថា ខ្លួនពុំបានប្រើប្រាស់គ្រឿងញៀននោះទេ ផ្ទុយទៅវិញរូបគេ គឺជាភ្នាក់ងារសំងាត់របស់សមត្ថកិច្ច៕
Post a Comment